August 13, 2017

គ្រូពេទ្យ​​តាម​ដាន​អាការៈ​របួស​របស់​កម្មករ​រោងចក្រ​ដែល​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កំពង់ឆ្នាំង

ឡាន​ដឹក​កម្មករ​ចត​នៅ​ខាង​មុខ​រោងចក្រមួយ ឋិត​នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chin Chetha

ដោយ ជិន ជេដ្ឋា RFA 2017-08-12

ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​មួយ​នៅ​ខេត្ត​កំពង់ឆ្នាំង កំពុង​តាមដាន​ស្ថានភាព​​របស់​កម្មករ​រោងចក្រ​កាត់ដេរ​ពីរ​នាក់ ក្នុង​ចំណោម ២៨​នាក់ ដែល​របួស​ធ្ងន់​ជាង​គេ​ក្នុង​ហេតុការណ៍​ក្រឡាប់​រ៉ឺម៉ក​ដឹក​កម្មករ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា។ នគរបាល​ចរាចរណ៍​ផ្លូវគោក​អំពាវនាវ​ឲ្យ​អ្នក​បើក​រ៉ឺម៉ក ម៉ូតូ និង​ឡាន​ដឹក​កម្មករ​ទាំង​អស់​បង្កើន​ការ​ប្រុងប្រយ័ត្ន និង​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា។

ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​កំពង់ឆ្នាំង និង​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល តែ វណ្ណា ឋិត​នៅ​ផ្សារ​សាលាលេខ៥ ស្រុក​កំពង់ត្រឡាច បញ្ជាក់​ថា កម្មករ-​កម្មការិនី ជិត ៣០​នាក់ ដែល​របួស​ដោយសារ​ក្រឡាប់​រ៉ឺម៉ក​បាន​ធូរ​ស្បើយ និង​ចេញ​ទៅ​ផ្ទះ​វិញ​អស់​ហើយ។ ចំណែក​កម្មករ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​ឋិត​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​នោះ មិន​ទាន់​ចេញ​នៅ​ឡើយ​ទេ ដោយសារ​​រង​របួស​ធ្ងន់។

ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល តែ វណ្ណា លោក​វេជ្ជបណ្ឌិត តែ វណ្ណា ថ្លែង​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ថា បុរស​ឈ្មោះ សំ សុភា ត្រូវ​រ៉ឺម៉ក​ក្រឡាប់​កិន​ត្រូវ​ស្មា​ខាង​ឆ្វេង​លើក​ដៃ​មិន​រួច និង​ប្រពន្ធ​រឹង​ក ហើយ​ឈឺ​ចាប់​ពេញ​មួយ​ចំហៀង​ខ្លួន​ដោយសារ​រ៉ឺម៉ក​ក្រឡាប់​លើ​ដូច​គ្នា ប៉ុន្តែ​លទ្ធផល​នៃ​ការ​ថត​មើល​ឆ្អឹង​ពុំ​មាន​​បាក់​​ទេ។ បើ​ជន​រងគ្រោះ​ទាំង​ពីរ​មាន​អាការៈ​ប្រសើរ​ជាង​នេះ នឹង​អាច​ចេញ​ទៅ​ផ្ទះ​បាន៖ «»។

នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែ​សីហា មាន​រ៉ឺម៉ក​មួយ​គ្រឿង​ដឹក​កម្មករ​រោងចក្រ​ប្រមាណ ៣០​នាក់ បាន​បើក​ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥។ ស្រាប់​តែ​មក​ដល់​ចំណុច​ភូមិ​ទួលពង្រ ឃុំ​ស្វាយ ស្រុក​សាមគ្គីមានជ័យ ពើប​នឹង​ឡាន​ដឹក​កម្មករ​មួយ​គ្រឿង​បើក​ចេញ​ពី​ផ្លូវ​លំ​ឡើង​ថ្នល់​ជាតិ ធ្វើ​ឲ្យ​អ្នក​បើក​រ៉ឺម៉ក​គេច​ជ្រុល​ធ្លាក់​ក្រឡាប់​រ៉ឺម៉ក​ទៅ​ម្ខាង​ផ្លូវ បណ្ដាល​ឲ្យ​កម្មករ​ចំនួន ២៨​នាក់​របួស​ធ្ងន់ និង​ស្រាល។

កម្មករ-កម្មការិនី​ទាំង ២៨​នាក់ ពុំ​មាន​អ្នក​ណា​ម្នាក់​គ្រោះថ្នាក់​ដល់​ជីវិត​ទេ។ ពួកគេ​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរ​សម្រាក​ព្យាបាល តែ វណ្ណា ដែល​សហការ​ជាមួយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម។

ទោះ​ជា​យ៉ាង​ណា​នាយ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈឹម សារុន អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ដឹក​កម្មករ​គ្រប់​ប្រភេទ​ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន និង​គោរព​ច្បាប់​ចរាចរណ៍​ដែល​មន្ត្រី​ជំនាញ​របស់​លោក​តែងតែ​ចុះ​អប់រំ និង​ផ្សព្វផ្សាយ​តាម​រោងចក្រ។ លោក​មាន​គម្រោង​ចុះ​អប់រំ​ស្ដីពី​ច្បាប់​ចរាចរណ៍​បន្ថែម​ទៀត​នៅ​តាម​រោងចក្រ៖ «»។

កម្មករ​ដែល​របួស​ទាំង​អស់​សុទ្ធ​តែ​ធ្វើ​ការងារ​នៅ​រោងចក្រ​កាត់ដេរ ឋិត​នៅ​ស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គីមានជ័យ ដែល​ជា​បណ្ដុំ​រោងចក្រ​របស់​ចិន ប្រមាណ ១៥​រោងចក្រ ក្នុង​ខេត្ត​កំពង់ឆ្នាំង។ នៅ​រៀងរាល់​ព្រឹក​ព្រលឹម និង​ពេល​ល្ងាច​ដែល​កម្មករ​ចូល និង​ចេញ​ពី​ធ្វើ​ការ យានយន្ត​ដឹក​កម្មករ​ចាប់​ផ្ដើម​ជែង​គ្នា និង​ខ្លះ​បើក​ប្រជ្រៀត​ក្នុង​ស្ថានភាព​ផ្លូវ​តូច​ចង្អៀត បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ញឹកញាប់​ចាប់​ពី​ចំណុច​ផ្សារ​សាលាលេខ៥ រហូត​ដល់​ផ្សារ​ឧដុង្គ ព្រំប្រទល់​ខណ្ឌ​ចែក​រវាង​ខេត្ត​កំពង់ឆ្នាំង និង​កំពង់ស្ពឺ៕

No comments: