May 20, 2017

គណបក្ស​បង្ហាញ​គោលនយោបាយ​អភិវឌ្ឍន៍​ឃុំ-សង្កាត់ ​មុន​យុទ្ធនាការ​ឃោសនា​ចាប់​ផ្តើម

វេទិកា​ពិភាក្សា​ពីកម្មវិធី​នយោបាយ​របស់​គណបក្ស​​ ដែល​រៀបចំឡើងនៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១៩​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី​/VOA)

ហ៊ុល រស្មី VOA Khmer 19 ឧសភា 2017

លោក​ សុន ឆ័យ​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អនុ​ប្រធាន​គណៈកម្មការ​ធនាគារ​ សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅ​រដ្ឋសភា​ជាតិ​ថ្លែង​ថា​ ​គណបក្ស​ជំទាស់​នឹង​ជំរុញ​ឲ្យ​មេឃុំ​ខ្លួន​អនុវត្តន៍​ឲ្យ​បាន​ពិតប្រាកដ​នៃ​គោល​នយោបាយ​វិមជ្ឈការ​ ដើម្បី​ពន្លឿន​កិច្ច​អភិវឌ្ឍន៍​នៅ​តាម​ភូមិ​ឃុំ​នីមួយៗ។

ភ្នំពេញ —នៅ​ថ្ងៃ​សុក្រ​នេះ​ តំណាង​គណបក្ស​នយោបាយ​ដែល​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ឃុំ​-សង្កាត់​ក្នុង​ឆ្នាំ​២០១៧​នេះ​ បាន​បង្ហាញ​ពី​គោល​នយោបាយ​របស់​ខ្លួន​ សម្រាប់​ការ​អភិវឌ្ឍឃុំ-សង្កាត់​ប្រកប​ដោយ​ការ​ទទួលខុស​ត្រូវ​ ហើយ​បម្រើ​រាស្ត្រ​ឲ្យ​បាន​ច្រើន​ជាង​ការបម្រើ​បក្ស។​ នេះ​បើតាម​ការ​អះ​អាង​របស់​តំណាង​គណបក្ស​នានា​ក្នុង​វេទិកា​សាធារណៈ​មួយ​ដែល​រៀបចំ​ឡើង​កាលព្រឹក​ថ្ងៃ​សុក្រ។​

ថ្លែង​ក្នុង​វេទិកា​ពិភាក្សា​ស្តីពី​ ការ​ប្តេជ្ញា​ចិត្ត​របស់​គណបក្ស​នយោបាយ​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​បញ្ហា​អភិវឌ្ឍន៍​មូលដ្ឋាន​ រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញនា​ថ្ងៃ​សុក្រនេះ​ លោក​ ​សាម អ៊ីន​ ​អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ថា​ មេឃុំ​ និង​ចៅសង្កាត់​របស់​គណបក្ស​ដែល​ទើបតែ​បង្កើត​ថ្មោងថ្មី​នេះ​ នឹង​ដឹកនាំ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​រើស​អើង​និន្នាការ​នយោបាយ​ និង​ធ្វើ​ឲ្យ​ជាតិ​មាន​សាមគ្គីភាព​ និង​រួបរួម​គ្នា។​

លោក​ សុន ឆ័យ​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អនុ​ប្រធាន​គណៈកម្មការ​ធនាគារ​ សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅ​រដ្ឋសភា​ជាតិ​ថ្លែង​ថា​ ​គណបក្ស​ជំទាស់​នឹង​ជំរុញ​ឲ្យ​មេឃុំ​ខ្លួន​អនុវត្តន៍​ឲ្យ​បាន​ពិតប្រាកដ​នៃ​គោល​នយោបាយ​វិមជ្ឈការ​ ដើម្បី​ពន្លឿន​កិច្ច​អភិវឌ្ឍន៍​នៅ​តាម​ភូមិ​ឃុំ​នីមួយៗ។​

ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ត្រែង សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប។ (ស៊ុន​ ណារិន/VOA)

«យើង​នឹង​ធ្វើ​នយោបាយ​វិមជ្ឈការ​ជាក់​ស្តែង។ ដូច​ខ្ញុំ​បាន​បញ្ជាក់​អញ្ចឹង​ ការ​កសាង​ប្រទេស​ដូចជា​ប្រទេស​ក្រីក្រ​ដូច​យើង​នេះ​ យើង​ត្រូវ​តែ​កសាង​សេដ្ឋកិច្ច​ ពីក្រោម​ទៅលើ។ មិនអាច​យកតែ​ឡង់​គ្រូស័រ​ នៅតែ​ក្រសួង​ ចំណាយ​ថវិកា​នៅ​តែ​ក្រសួង​ទេ​ ហើយ​អត់​ធ្លាក់​ទៅខេត្ត​ទេ​ វាត្រូវ​ធ្លាក់​ទៅដល់​ មូលដ្ឋាន។ ហើយ​យើង​ឲ្យ​ធ្វើ​ ថវិកា​ជាតិ​ធ្វើ​ពី​ឃុំ​ទៅ​ ត្រូវ​ការ​អី​នៅ​ក្នុង​ឃុំ​ហ្នឹង​ ត្រូវការ​ស្ពាន​ ត្រូវការ​ប្រឡាយ​ ត្រូវការ​ជួស​ជុល​ផ្លូវ​លំ​ ត្រូវការ​អីៗ​សាលា​រៀន​ថ្នាំ​ពេទ្យ​អី​ចេញ​ពីហ្នុង​មក ព្រោះ​ប្រជាជន​ ៨០​ភាគរយ​ របស់​យើង​នៅមូលដ្ឋាន។ អ្នក​ទីក្រុង​គេសំបូរ​ហូរហៀរ​ហើយ​ ច្រើន​ហើយ​ មាន​ជំងឺ​អី​គេ​ទៅបរទេស​ ប៉ុន្តែ​មូលដ្ឋាន​គ្នា​រំពឹង​ទៅលើ​ការ​ ការ​ដែល​ព្យាបាលនៅ​មូលដ្ឋាន»។
លោក​ ​សុន ឆ័យ​ បាន​បន្ថែម​ថា​ គណបក្ស​ជំទាស់​នឹង​ដក​មេឃុំ​ណា​ដែល​មិន​បម្រើ​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ដិតដល់​ នៅ​ក្នុង​ការងារ​គ្រប់គ្រង​ភូមិឃុំ​របស់​ខ្លួន។​

សម្រាប់​លោក​ ញឹក ប៊ុនឆៃ​ ប្រធាន​គណបក្ស​ខ្មែររួប​រួមជាតិ​ ​បាន​មើល​ឃើញ​ពី​បញ្ហា​អសន្តិសុខ​តាម​ភូមិ​ឃុំ​ ថា​ជាក្តី​កង្វល់​របស់​ប្រជាពល​រដ្ឋ​ដែល​ទាមទារ​ឲ្យ​គណបក្ស​លោក​ ត្រូវ​ដាក់ចេញ​គោល​នយោបាយ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​នេះ។​

«ដោយ​សង្កេត​ឃើញ​តាម​បណ្តា​ឃុំ​ហ្នឹង​មាន​បញ្ហា​អសន្តិសុខ​ ការ​លួច​ឆក់​ប្លន់​ បញ្ហា​បងតូច​បងធំ​ បញ្ហា​គ្រឿងញៀន​ មាន​ច្រើន​នៅ​តាម​បណ្តា​មូលដ្ឋាន​ភូមិ​ឃុំ​របស់​យើង។ ​អញ្ចឹង​ហើយ​ បញ្ហា​នេះ​គឺ​ជា​ការ​ចាប់​អារម្មណ៍​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ដែល​យើង​ខ្ញុំ​មាន​គោលនយោបាយ​ ដើម្បី​លុប​បំបាត់​អំពី​បញ្ហា​ទាំង​អស់​នេះ​ ឲ្យ​បាន​ជ្រះស្រឡះ​ ពី​មូលដ្ឋាន​ភូមិ​ឃុំ​ ដែល​នេះ​ជាក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ»។​

វេទិកា​ពិភាក្សា​ស្តីពី​ ការ​ប្តេជ្ញា​ចិត្ត​របស់​គណបក្ស​នយោបាយ​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​បញ្ហា​អភិវឌ្ឍន៍​មូលដ្ឋាន​ រៀបចំ​ឡើង​ដោយ​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​ NGO Forum។ យ៉ាង​ហោច​ណាស់​ មាន​គណបក្ស​នយោបាយ​ចំនួន៨ បាន​ចូលរួម​បង្ហាញ​គោលនយោបាយ​របស់​ខ្លួន​ ក្នុង​វេទិកា​សាធារណៈ ​នា​ថ្ងៃ​សុក្រ​នេះ។ ​ដោយ​ឡែក​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ អវត្តមាន មិន​ចូលរួម​វេទិកា​នោះ​ទេ។​

លោក​ តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ (NGO Forum) និយាយ​អំពី​តម្រូវ​ការ​កំណែ​ទម្រង់​សេវារដ្ឋបាល​សាធារណៈ ​កាលពីថ្ងៃទី​១៩​ ខែ​ឧសភា ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/VOA)

យ៉ាងណា​ក៏ដោយ​ លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រាប់​ VOA ​ក្នុង​បទសម្ភាសន៍​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គណបក្ស​កាន់​អំណាច​មាន​គោលនយោបាយ​ជួយ​ប្រជា​ពលរដ្ឋ​ ក្នុង​វិស័យ​ជាច្រើន​ ក្នុង​នោះ​មាន​វិស័យ​ហិរញ្ញវត្ថុ​ សង្គមកិច្ច​ សុខាភិបាល​ ​ការ​អភិវឌ្ឍ​ផ្លូវថ្នល់​ ការ​លើក​កម្ពស់​តម្លៃ​ផលិតផល​កសិកម្ម​ និង​ការពារ​បូរណភាព​ទឹកដី។​ លោក​ថា​ គណបក្ស​អំណាច​មាន​គោលនយោបាយ​បែង​ចែក​ដីធ្លី ​ដើម្បី​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ផង​ដែរ។​

លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា៖​

«ចំពោះ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​លទ្ធភាព​ដី​ក៏ដូចជា​ ខ្វះដី​ពិតប្រាដក​ គឺ​ថា​ រាជរដ្ឋាភិបាល​ ក៏ដូច​ជា​គណបក្ស​ប្រជាជន ​មាន​គោលនយោបាយ​ដើម្បី​បែង​ចែក​ ដី​សម្បទាន​សង្គម​កិច្ច​ ដើម្បី​ឲ្យ​បង​ប្អូន​ មាន​លទ្ធភាព​ មាន​ដី​សាង​សង់​លំនៅដ្ឋាន​ ក៏ដូច​ជា​ ប្រកបរបរ​សេដ្ឋកិច្ច​គ្រួសារ»។

គណបក្ស​ដទៃ​ទៀត​ រួមមាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ គណបក្ស​ជនជាតិ​ដើម​ភាគតិច​ដើម្បី​ប្រជាធិប​តេយ្យ​ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ និង​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ ​ក៏បាន​លើក​ឡើង​ពី​គោល​នយោបាយ​ក្នុង​ដោះសា្រយ​ប្រឈម​នានា​ក្នុង​ឃុំ-សង្កាត់​ផង​ដែរ។

លោក​ តឹក វណ្ណារ៉ា​ នាយក​ប្រតិបត្តិ​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ (NGO Forum) ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ម៉ោង​សម្រាក​ពី​វេទិកា​កិច្ច​ពិភាក្សា​គោល​នយោបាយ​ ថា​ តំណាង​អង្គការ​សង្គម​ស៊ីវិល​ នៅ​មាន​ក្តីបារម្ភ​ចំពោះ​ សេវារដ្ឋបាល​នៅតាម​ឃុំ​ សង្កាត់​ ដូច្នេះ​តំណាង​អង្គការសង្គម​ស៊ីវិល​នឹង​រាល់​គណបក្ស​នយោបាយ​ទាំងអស់​ ឲ្យ​ផ្តោត​លើ​កំណែ​ទម្រង់​សេវា​នេះ។ ​បញ្ហា​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​ ក៏​ជា​អ្វី​ដែល​មេឃុំ​ និង​ចៅ​សង្កាត់​ជាប់​ឆ្នោត​ ត្រូវ​គិតគូ​ផង​ដែរ។​

«យើង​នឹង​ស្នើ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ គាត់​យកចិត្ត​ទុក​ដាក់ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ ដល់​ប្រជាជន​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ភូមិ​ ឃុំ​សង្កាត់​របស់​ខ្លួន។​ ហើយ​ចំណុច​ទីពីរ​ ទាក់​ទងនឹង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ មាន​ដូចជា​បទល្មើស​ព្រៃឈើ​ បទ​ល្មើស​ជលផល​ នេសាទ​ ជម្លោះ​ទាក់​ទង​ដីធ្លី​ ហើយ​និងរឿង​បញ្ហា​ការ​គ្រប់គ្រង​ធនធានជន​ជាតិ​ដើម​ភាគតិច​ជាដើម»។

សកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិ ឈរបង្ហាញស្លាកសញ្ញាគណបក្សត្រៀមយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ ចាប់ផ្ដើមពីខែឧសភា ឆ្នាំ២០១៧នេះ នេះ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

ទោះ​ជា​តំណាង​គណបក្ស​នយោបាយ​នីមួយៗ បាន​បង្ហាញ​ការ​ប្តេជ្ញា​របស់​ខ្លួន​ ដើម្បី​រាស្ត្រ​នៅ​តាម​ភូមិឃុំ​ អ្នក​វិភាគ​បាន​លើក​ឡើង​ថា​ ឃុំ-សង្កាត់​ជាច្រើន​ នៅ​ប្រឈម​នឹង​បញ្ហា​ការ​ទទួល​បាន​ថវិកា​យឺត​យ៉ាវ​ពី​រដ្ឋាភិបាល​ ​សម្រាប់​ការ​អនុវត្ត​ផែនការ​អភិវឌ្ឍ​ភូមិឃុំ​របស់​ខ្លួន។

លោក​ មាស​ នី អ្នក​សិក្សា​ស្រាវជ្រាវកិច្ច​អភិវឌ្ឍ​សង្គម​ ប្រាប់​ VOA ​នៅថ្ងៃ​សុក្រ​នេះ​ថា​ កន្លងមក​មេឃុំ និង​ចៅ​សង្កាត់​ មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ថវិកា​ពី​រដ្ឋាភិបាល​ ដោយ​ហេតុ​សមត្ថភាព​របស់​ពួកគាត់​មួយ​ចំនួន​នៅ​មាន​កម្រិត​ សម្រាប់​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ថវិកា​ឲ្យបាន​លឿន​មក​ដល់​ភូមិឃុំ។​

ក្រៅពី​បញ្ហា​ថវិកា​នេះ​ អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​រូបនេះ​ មាន​ប្រសាសន៍​ថា​ ត្រូវ​មាន​ការ​បែង​ចែក​កិច្ចការ​ជំនាញ​ និង​រដ្ឋបាល​ នៅ​តាម​ឃុំ-សង្កាត់​ ព្រោះ​មេឃុំ​ និង​ចៅសង្កាត់​ មិន​អាច​ចាត់​ចែង​ការងារ​គ្រប់​វិស័យ​បាន​ទេ។​

«ខ្ញុំ​គិត​ថា​ នៅក្នុង​ថ្ងៃ​អនាគត​នេះ​ ក្រុមប្រឹក្សា​ឃុំ​ ដើម្បី​ឲ្យ​ធ្វើ​ការ​ កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ហ្នឹង​ ប្រហែល​ជាគាត់​ត្រូវការ​ជួល​ បុគ្គលិក​កិច្ច​សន្យា​ដែល​មាន​ជំនាញ​ជាក់​លាក់​នីមួយៗ​មក​ឲ្យ​ជួយ​ធ្វើ​ការ​គាត់​ ដើម្បី​គាត់​អាច​ ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​របស់​វិមជ្ឈការ​របស់​អ្នកស្រុក»។​

ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០១៧​នេះ ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​គ្នា​ជាង​រាល់​ដង​ ដោយ​សារ​តែ​គណបក្ស​កាន់​អំណាច ​និង​គណបក្ស​ប្រឆាំង​មាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នា។

យ៉ាងណា​ក៏​ដោយ មុន​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នេះ​ មេដឹកនាំ​រដ្ឋាភិបាល​ ក៏​បាន​ព្រមាន​ជា​បន្តបន្ទាប់​អំពី​ការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម ​ប្រសិន​បើ​បក្ស​ប្រជាជន​កម្ពុជា​ មិន​ត្រូវបាន​ជ្រើសរើស​ឲ្យ​ដឹកនាំ​ប្រទេស​បន្ត​ទៀត។ កាលពី​ពេល​ថ្មីៗ​នេះ​ នាយ​ឧត្ដម​សេនីយ៍​ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​ក៏​បាន​ព្រមាន​វាយ​បំបែក​ធ្មេញ​ក្រុម​ណា​ ដែល​ចេញ​មក​តវ៉ា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ផង​ដែរ៕

No comments: