May 20, 2017

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ដំបូង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ នា​ខេត្ត​កំពង់ចាម។ RFA/Saut Sokprathna

ដោយ អាស៊ីសេរី RFA 2017-05-20

គណបក្ស​នយោបាយ​ដែល​ចូល​រួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ចាប់​ផ្ដើម​យុទ្ធនាការ​ឃោសនា​ថ្ងៃ​ដំបូង​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា នៅ​តាម​រាជធានី និង​បណ្ដា​ខេត្ត​មួយ​ចំនួន។

ខេត្ត​រតនគិរី

គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​រតនគិរី បើក​យុទ្ធនាការ​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤។ ដោយ​ឡែក​គណបក្ស​សង្គ្រោះ​ជាតិ​នាំ​គ្នា​ហែ​ក្បួន​ទ្រង់ទ្រាយ​តូច​នៅ​តាម​ឃុំ-​សង្កាត់។

អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ជាង ៣​ពាន់​នាក់ អម​ដោយ​រថយន្ត​ជាង ២០០​គ្រឿង និង​ម៉ូតូ​ជាង ៣០០​គ្រឿង នាំ​គ្នា​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ឧសភា នៅ​ក្រុង​បានលុង។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ វិញ​បាន​រៀបចំ​ការ​ហែ​ក្បួន​ទ្រង់ទ្រាយ​តូច​នៅ​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​ដំបូង​នេះ ដោយ​មាន​តែ​សកម្មជន​គាំទ្រ​គណបក្ស​នេះ​ប្រមាណ ៥០​នាក់ ពាក់​អាវ និង​មួក​ស្លាក​សញ្ញា​ព្រះអាទិត្យ​រះ មាន​រថយន្ត​មួយ​គ្រឿង​បំពាក់​ដោយ​ឧគ្ឃោសនស័ព្ទ​ស្រែកជ័យឃោស លើក​តម្កើង​គណបក្ស​សង្គ្រោះ​ជាតិ និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។

ខេត្ត​ព្រះសីហនុ

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ នា​ខេត្ត​រតនគិរី។ RFA/Ratha Visal

គណបក្ស​នយោបាយ​ធំ​ពីរ​ប្រចាំ​ខេត្ត​ព្រះសីហនុ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​យុទ្ធនាការ​ឃោសនា​ទ្រង់ទ្រាយ​ធំ​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន។ ​

មន្ត្រី​ដឹកនាំ​គណបក្ស​នីមួយៗ បាន​បង្ហាញ​មុខ​នៅ​ក្នុង​ពិធី​ជួបជុំ​សមាជិក​គាំទ្រ​ខ្លួន​​តាម​ទីស្នាក់ការ​គណបក្ស​នៅ​តាម​មូលដ្ឋាន​នីមួយៗ និង​បាន​ផ្ញើ​សារ​ទៅ​​ម្ចាស់​ឆ្នោត​ឲ្យ​បោះ​ឆ្នោត​ជូន​បក្ស​របស់​ខ្លួន។

អ្នក​សង្កេតការណ៍​បោះឆ្នោត​អង្គការ​ខុមហ្វ្រែល (COMFREl) អះអាង​ថា ថ្ងៃ​ដំបូង​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​នៅ​ខេត្ត​ព្រះសីហនុ​នេះ មាន​ដំណើរ​ការ​ល្អ​ប្រសើរ។

ខេត្ត​កំពង់ឆ្នាំង

ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ខេត្ត​កំពង់ឆ្នាំង មាន​គណបក្ស​៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​រៀបចំ​ពិធី​ជួបជុំ​បើក​យុទ្ធនាការ និង​ដង្ហែក្បួន។ រយៈពេល ១​ថ្ងៃ​ពេញ​នៃ​យុទ្ធនាការ​ពុំ​មាន​ការ​រំខាន ឬ​ភាព​មិន​ប្រក្រតី​កើត​ឡើង​ចំពោះ​គណបក្ស​នយោបាយ​ឡើយ។

ខេត្ត​កំពង់ចាម

មន្ត្រី​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ចាម លើក​ឡើង​ថា ស្ថានភាព​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ទី​១ ដែល​ត្រូវ​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា គឺ​មិន​មាន​បញ្ហា​ចោទ​ឡើង​ទេ។ មន្ត្រី​គណបក្ស​ប្រឆាំង​អះអាង​ថា ប្រជាពលរដ្ឋ និង​សកម្មជន​ដែល​ចូលរួម​ការ​ឃោសនា​ គឺ​មាន​របៀបរៀបរយ​ និង​បាន​ថែរក្សា​ភាព​ថ្លៃថ្នូរ​របស់​ខ្លួន។ ស្នងការ​នគរបាល​ខេត្ត​យល់​ថា ប្រសិនបើ​គ្រប់​គណបក្ស​នយោបាយ​គោរព​តាម​ច្បាប់​ស្ដីពី​ការ​ឃោសនា​បោះឆ្នោត​បាន​ត្រឹមត្រូវ សកម្មភាព​ទៅ​ថ្ងៃ​មុខ​ទៀត​នឹង​គ្មាន​បញ្ហា​ចោទ​ឡើង​ទេ។

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ នា​ខេត្ត​កំពង់ឆ្នាំង។ RFA/Chin Chetha

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ នា​ខេត្ត​កំពង់ចាម។ RFA/Saut Sokprathna

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ នា​ខេត្ត​រតនគិរី។ RFA/Ratha Visal

2 comments:

Hemondno Viata said...

Innocent children are user-full for CPP shelter to run the campaign , it may
be under ages as well, it could be violated chart of law of the Kingdom under constitution campaigning right. The adults however as the previous, CPP used to promised to pay $3 dollar or more to come on board but most of them did not see that amount of money, though they're fed-up with it. That is the reason why this time these young are use-full for the CPP, as we clearly seen in the campaigning trucks load.

Chun Sokha said...

They took kids along to enlarge the number of people to show off to other Parties but they haven't reached the voting age yet . Paying people to vote , to protest and to join the parade is not something new to CPP .