April 17, 2017

ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​នៅ​តែ​ចងចាំ​មិន​ភ្លេច​ថ្ងៃ​ទី​១៧ មេសា ១៩៧៥

ខ្មែរ​ក្រហម​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ រូបថត​ឯកសារ​ពី​សារមន្ទីរ​គុក​ទួលស្លែង

ដោយ ឡេង ម៉ាលី RFA 2017-04-17

នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មេសា នេះ ជា​ថ្ងៃ​ពលរដ្ឋ​ខ្មែរ​នឹក​ឃើញ​ដល់​ពេលវេលា​ដែល​ពួក​ខ្មែរ​ក្រហម​ឡើង​គ្រប់គ្រង​អំណាច គឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ គឺ​ក្រោយ​ពេល​ដែល​ពួក​គេ​ឈ្នះ​សង្គ្រាម​លើ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក លន់ នល់។ ថ្ងៃ​នោះ​ក៏​ជា​ថ្ងៃ​ពលរដ្ឋ​កម្ពុជា ទទួល​ភាព​រង​ទុក្ខ។

អ្នក​ធ្លាប់​រស់នៅ​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​១៩៧៥ នៅ​តែ​ចងចាំ​បាន​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មេសា ជា​ថ្ងៃ​ដែល​កងទ័ព​ខ្មែរ​ក្រហម​រាប់​ពាន់​នាក់ សម្រុក​ចូល​ទីក្រុង​ភ្នំពេញ​ពី​គ្រប់​ច្រក។

អតីត​កងទ័ព​ខ្មែរ​ក្រហម​នៅ​ភូមិភាគ​និរតី​មួយ​រូប គឺ​លោក ហ៊ីម ហ៊ុយ ថ្លែង​ថា នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា នោះ កង​របស់​លោក​ជា​អ្នក​ទទួល​ទិស​វាយ​លុក​ចូល​ទីក្រុង​ភ្នំពេញ​ពី​ច្រក​ខាង​ត្បូង៖ «ចេញ​ដំបូង គឺ​ចេញ​ពី​ព្រែកហូរ តាខ្មៅ មក។ វាយ​ចូល​តាម​ព្រែកកំពិស ព្រែកថ្លឹង។ គេ​ឲ្យ​វាយ​យក​ប៉ុស្តិ៍​វិទ្យុ​ស្ទឹងមានជ័យ ហើយ​ពួក​ខ្ញុំ​ក៏​ដើរ​កាត់​ស្ពាន​ស្ទឹងមានជ័យ​នេះ​ទៅ​ភ្នំពេញ។ រហូត​បាន​គេ​ឲ្យ​ចាប់​ដៃ​គ្នា​នឹង​ពួក​បូព៌ា​នៅ​មុខ​វាំង។ ក្រោយ​មក​ទៀត បាន​នាំ​គ្នា​ដើរ​មក​តាម​វិមាន​ឯករាជ្យ​មក​សាលា​យុគន្ធរ។ ខ្ញុំ​វាយ​ពួក​ទាហាន​ហើយ ក៏​ឡើង​ទៅ ឮ​សូរ​គេ​ប្រកាស​ថា​ខាង​កងទ័ព​រំដោះ​យក​បាន​ប៉ុស្តិ៍​វិទ្យុ​ហើយ គេ​ឲ្យ​ខាង លន់ នល់ ទម្លាក់​អាវុធ​ទាំងអស់»។

ពេល​នោះ​ហើយ​ជា​ពេល​កងទ័ព​ខ្មែរ​ក្រហម​ប្រកាស​ជ័យជម្នះ​របស់​ខ្លួន​ដ៏​ធំធេង ដោយ​រំដោះ​បាន​ទីក្រុង​ភ្នំពេញ​ទាំងស្រុង​ពី​របប​សាធារណរដ្ឋ​ខ្មែរ ដែល​ពួក​គេ​ចាត់​ទុក​ថា ជា​បរិវារ​របស់​ចក្រពត្តិ​អាមេរិក។
ភ្លេង៖ «ដប់​ប្រាំពីរ​មេសា ៧៥​ឆ្នាំ​ថ្មី ថ្ងៃ​មហា​ជោគជ័យ មាន​ន័យ​សម្បើម ថ្ងៃ​ដែល​កងទ័ព​បដិវត្តន៍​ដ៏​ឆ្នើម ប្រជាជន​សម្បើម សែន​មហា​អស្ចារ្យ។ រំដោះ​ទាំងស្រុង​ទីក្រុង​ភ្នំពេញ ជោគជ័យ​ចិញ្ចែង​សែន​មហិមា រំដោះ​មាតុភូមិ​ជា​ទី​ស្នេហា ក្រោម​ពន្លឺ​មាគ៌ា​បដិវត្តន៍​ភ្លឺ​ស្វាង...»។

អ្នក​ភ្នំពេញ​ឈ្មោះ ឌិន រ៉ាវី មាន​ប្រសាសន៍​ថា ក្រោយ​ពេល​ឮ​ពួក​ខ្មែរ​ក្រហម​ប្រកាស​ថា ប្រទេស​ត្រូវ​បាន​រំដោះ និង​មាន​សេចក្ដី​សុខសាន្ត​ត្រាណ ចប់​សង្គ្រាម​បង្ហូរ​ឈាម ពលរដ្ឋ​នាំ​គ្នា​ត្រេកអរ ហើយ​ក៏​ចេញ​មក​ទទួល​ស្វាគមន៍​កងទ័ព​ទាំងនោះ៖ «ខ្ញុំ​ក៏​រត់​ចេញ​មក​ខាង​ក្រៅ​ផ្ទះ ឃើញ​ទ័ព​ខ្មែរ​ក្រហម​មក​ពី​ខាង​លិច។ ពួក​ខ្ញុំ​ទាំងអស់​គ្នា​នាំ​គ្នា​ត្រេកអរ»។

សាក្សី​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​មួយ​រូប គឺ​លោកស្រី ហួរ ចន្ថា ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា កងទ័ព​ខ្មែរ​ក្រហម​ដែល​លោកស្រី​ឃើញ​ពេល​នោះ មិន​ចាប់​អារម្មណ៍​នឹង​ការ​ស្វាគមន៍​របស់​អ្នក​ទីក្រុង​ទេ៖ «»។

លោកស្រី ចន្ថា មាន​ប្រសាសន៍​បន្ត​ថា ភាព​ត្រេកអរ​មាន​មិន​ទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង អ្នក​ទីក្រុង​ទាំងនេះ​ចាប់​ផ្ដើម​ស្លន់ស្លោ​ឡើង​វិញ ដោយសារ​តែ​ពួក​ខ្មែរ​ក្រហម​ចាប់​ផ្ដើម​បណ្ដេញ​ពួក​គាត់​ឲ្យ​ឆាប់​ចេញ​ពី​ទីក្រុង​ភ្លាមៗ។

ជន​រងគ្រោះ​ដែល​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​មួយ​រូប​ទៀត គឺ​លោក សម សក្ដិ ថ្លែង​បញ្ជាក់​បន្ថែម​ថា ពួក​ខ្មែរ​ក្រហម​ប្រាប់​លោក និង​អ្នក​ទីក្រុង​ផ្សេង​ទៀត​ថា ចាកចេញ​ត្រឹម​តែ ៣​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​បោស​សម្អាត​ខ្មាំង​ដែល​លាក់​ខ្លួន​នៅ​ក្នុង​ទីក្រុង៖ «ខ្មែរ​ក្រហម​បាន​ចូល​មក​ដល់​ក្រុង​ភ្នំពេញ​ដេញ​គ្រួសារ​ខ្ញុំ ឲ្យ​ចុះ​ចេញ​ពី​លំនៅឋាន។ គេ​បាន​ប្រាប់​ថា សូម​បង​ប្អូន​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​នៅ​ឯ​ជាយក្រុង​ភ្នំពេញ​សិន។ តែ​រយៈពេល ៣​ថ្ងៃ​ទេ។ ចម្ងាយ ៣​គីឡូម៉ែត្រ ទម្រាំ​អង្គការ​បោស​សម្អាត​ទីក្រុង​ស្អាត​ហើយ នឹង​នាំ​បង​ប្អូន​មក​នៅ​ទីក្រុង​ភ្នំពេញ​វិញ។ នេះ​ជា​សម្ដី​របស់​ខ្មែរ​ក្រហម​ដែល​ឲ្យ​យើង​ចេញ​ពី​ទីក្រុង»។

សាក្សី នូ ហ៊ន់ ដូច​គ្នា​នឹង​ជន​រងគ្រោះ​រាប់​លាន​នាក់​ទៀត​ដែរ រំឭក​ពី​ស្ថានភាព​នៃ​ការ​បណ្ដេញ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​នៅ​ពេល​នោះ​ថា មាន​សភាព​លំបាក​ខ្លាំង៖ «មនុស្ស​ច្រើន​កុះករ ត្រូវ​នឹង​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​រដូវ​ក្ដៅ។ ខែ​មេសា ក្ដៅ​ណាស់! កាលណា​ថ្ងៃ​ត្រង់ កៅស៊ូ (ថ្នល់) ហៀរ​ចេញ​មក ហើយ​បង​ប្អូន​ដែល​គេ​ជម្លៀស​ចេញ​ភ័យ​តក់ស្លុត អត់​បាន​យក​ស្បែក​ជើង​តាម។ ដូច្នេះ​មាន​សភាព​មួយ​ថ្មី ត្រូវ​ពង​ជើង។ ខ្លះ​យក​ស្រទប​ចេក​ចង​បាត​ជើង ខ្លះ​យក​កន្ទប​ខោ​អាវ​ទៅ​ចង ដើម្បី​ចៀសវាង​ការ​រលាក​ពង​បាត​ជើង។ មនុស្ស​ច្រើន​ណាស់​អ៊ូអែ ខ្លះ​បាត់​កូន ខ្លះ​ប្ដី ខ្លះ​បាត់​ប្រពន្ធ»។

ទាហាន​ខ្មែរ​ក្រហម​ចូល​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ រូបថត​ឯកសារ​ពី​សារមន្ទីរ​គុក​ទួលស្លែង រូបថត​ឯកសារ​ពី​សារមន្ទីរ​គុក​ទួលស្លែង

ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​នានា​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ គឺ​ដូចជា​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ចាប់​ផ្ដើម​នាំ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៧​លាន​នាក់ ធ្វើ​ដំណើរ​ទៅ​រក​វាល​មរណៈ​នៅ​ឯ​ជនបទ​ទូទាំង​ប្រទេស​ដូច្នោះ​ដែរ។ ក៏ប៉ុន្តែ​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម គឺ​លោក នួន ជា កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣ បាន​ផ្ដល់​ហេតុផល​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​ថា ការ​ជម្លៀស​នេះ​ដោយសារ​តែ​ខ្លាច​អាមេរិក​ទម្លាក់​គ្រាប់បែក ខ្លាច​វៀតណាម ឈ្លាន​ពាន​ផង និង​ដោយសារ​ខ្វះ​ស្បៀង​ផង៖ «»។

ការ​ប្រាប់​ពលរដ្ឋ​ឲ្យ​ជម្លៀស​ចេញ​ពី​ទីក្រុង​រយៈពេល ៣​ថ្ងៃ បាន​ក្លាយ​ទៅ​ជា​រយៈពេល​ជាង ៣​ឆ្នាំ ៨​ខែ។ ពលរដ្ឋ​ខ្លះ​បាន​ចាកចេញ​ទៅ​មិន​បាន​ត្រឡប់​វិញ រហូត​ដល់​ស្លាប់ ព្រោះ​តែ​គេ​ត្រូវ​បង្ខំ​ឲ្យ​ទៅ​រស់នៅ​លត់​ដំ​នៅ​តាម​ជនបទ​ចុងកាត់មាត់ញក ដោយ​ធ្វើ​ការងារ​ធ្វើ​ស្រែ លើក​ទំនប់​ជីក​ប្រឡាយ​រហូត​បាក់​កម្លាំង អត់​អាហារ ខ្វះ​ថ្នាំ​ព្យាបាល​ជំងឺ និង​ការ​សម្លាប់​រង្គាល។

អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម គឺ​លោក ខៀវ សំផន ថ្លែង​ថា លោក​មិន​បាន​ដឹង​អំពី​បញ្ហា​ទាំងនេះ​ពី​មុន​មក​ទេ រហូត​ទាល់​តែ​លោក​បាន​ឮ​សាក្សី​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​និយាយ៖ «»។

ក្នុង​រយៈពេល​ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩ ដែល​ពួក​ខ្មែរ​ក្រហម​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា គ្រប់គ្រង​អំណាច បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​យ៉ាង​ហោច​ណាស់​ជិត ២​លាន​នាក់​បាន​ស្លាប់។

ការ​ជម្លៀស និង​ការ​ផ្លាស់ប្ដូរ​លំនៅ​ពលរដ្ឋ​ដោយ​បង្ខំ ការ​ប្រព្រឹត្ត​អមនុស្សធម៌​ដែល​នាំ​ឲ្យ​មាន​ពលរដ្ឋ​ស្លាប់​ជិត ២​លាន​នាក់​នោះ​ហើយ ទើប​នាំ​ឲ្យ​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទាំង​ពីរ​រូប គឺ​លោក នួន ជា និង ខៀវ សំផន មាន​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នៅ​ពេល​នេះ។

នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ នៅ​តែ​ពលរដ្ឋ​ដែល​ធ្លាប់​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម ចងចាំ​មិន​ភ្លេច ព្រោះ​តែ​ការ​និរាស​ព្រាត់ប្រាស​គ្រួសារ និង​ទុក្ខ​លំបាក​វេទនា​ឥត​ឧបមា៕

No comments: