February 17, 2017

ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​ចោទ​មន្ត្រី​ពីរ​រូប​ថា​វាយ​ពលរដ្ឋ​ឲ្យ​​របួស​ដោយសារ​ជំរិត​ទារ​ប្រាក់​មិន​បាន

ដោយ រដ្ឋា វិសាល RFA 2017-02-17

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​អន្លង់ស្អំ ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ចោទ​ប្រកាន់​មន្ត្រី​នគរបាល​ខេត្ត​មួយ​រូប និង​មន្ត្រី​ក្រុមប្រឹក្សា​ស្រុក​ថាឡាបរិវ៉ាត់ មួយ​រូប​ថា បាន​ប្រើ​អំពើ​ហិង្សា​យក​ខ្នោះដៃ​វាយ​ក្បាល​ប្រជាពលរដ្ឋ​ឲ្យ​របួស ដោយសារ​ជំរិត​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដឹក​ជញ្ជូន​ឈើ​មិន​បាន។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក អំពាវនាវ​សុំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៃ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ស៊ើប​អង្កេត​បន្ទាន់​​ទៅ​លើ​សេចក្ដី​ចោទ​ប្រកាន់​ទាក់ទិន​ការ​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​ដោយ​បុគ្គល​ជា​មន្ត្រី​មាន​សមត្ថកិច្ច​នេះ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ នេះ​ក្រោយ​ដែល​ប្រជាពលរដ្ឋ​ឈ្មោះ ញ៉ែម សក្ខណា ដាក់​ពាក្យ​ប្ដឹង​មក​ការិយាល័យ​ការពារ​សិទ្ធិមនុស្ស​ឲ្យ​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ក្នុង​រឿង​នេះ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល បញ្ជាក់​ថា លោក​ជួយ​សម្របសម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ​ទៅ​នគរបាល​ប៉ុស្តិ៍ និង​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ស្រាវជ្រាវ​ពី​អង្គ​ហេតុ​នេះ។

លោក​ថា ច្បាប់​បាន​ហាមឃាត់​មិន​ឲ្យ​បុគ្គល ឬ​មន្ត្រី​សមត្ថកិច្ច​វាយ​ធ្វើ​ទារុណកម្ម​លើ​ពលរដ្ឋ​នោះ​ទេ៖ «ខ្ញុំ​ជូន​ជនរងគ្រោះ​ទៅ​បញ្ជា​ការដ្ឋាន​ដើម្បី​ដាក់​ពាក្យ​ប្ដឹង​តាម​ច្បាប់​យើង​បាន​ជួប​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​ចំនួន​គាត់​ថា ឲ្យ​ដាក់​នៅ​កន្លែង​ហ្នឹង​ទៅ»។

​មន្ត្រី​ទាំង​ពីរ​នាក់​ដែល​ប្រជាពលរដ្ឋ​ប្ដឹង​ចោទ​គឺ​ប្រធាន​ការិយាល័យ​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​លោក សំរិត សុកសេដ្ឋា និង​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ថាឡាបរិវ៉ាត់ លោក គង់ ផាន់ណា។

អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ទាំង​ពីរ​សុំ​បញ្ជាក់​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ នេះ។

ចំណែក​ដើម​បណ្ដឹង លោក ញ៉ែម សក្ខណា បញ្ជាក់​ថា គាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ទិញ​ឈើ​ពី​ពលរដ្ឋ​ក្នុង​ព្រៃ​មក​លក់​ចិញ្ចឹម​ជីវិត ក៏​ប៉ុន្តែ​គាត់​ជួប​រឿង​អាក្រក់​គ្រា​ដឹក​ជញ្ជូន​ឈើ​បី​បួន​កំណាត់​តាម​ម៉ូតូ​ក៏​ជួប​មន្ត្រី​ទាំង​ពីរ​ជិះ​ឡាន​បំពាក់​ដោយ​ស៊ីរ៉ែន របស់​កង​នគរបាល​ស្ទាក់​ចាប់​ឈើ និង​ប្រើ​ខ្នោះដៃ​វាយ​ក្បាល​ដោយសារ​មន្ត្រី​ទាំង​ពីរ​ខឹង​មិន​ព្រម​ទទួល​យក​ប្រាក់​ចំនួន​ពីរ​ម៉ឺន​រៀល​របស់​គាត់។ គាត់​បន្ត​ថា មន្ត្រី​ទាំង​ពីរ​ឋិត​ក្នុង​សភាព​ស្រវឹង​ជោគ​បង្ខំ​ចាប់​គាត់​ដាក់​ខ្នោះដៃ និង​វាយ​ទាត់​ធាក់​នៅ​លើ​ថ្នល់​រហូត​បែក​ក្បាល​ទើប​ដោះលែង​ឲ្យ​ចេញ​ទៅ៖ «បង​ដែល​ម្នាក់​ប៉ូលិស​ហក់​មក​ជាន់​ខ្ញុំ ហើយ​វាយ​ខ្ញុំ​ចំនួន​ពីរ​ខ្នោះដៃ។ គាត់​ស្រវឹង​ទាំង​ពីរ​បើក​ឡាន​សារ៉ែន​វាយ​ខ្ញុំ​បែក​ក្បាល ហើយ​ជាន់​ក្បាល​ខ្ទប់​ទៅ​នឹង​ថ្នល់​ទៀត»។

សាក្សី​ឃើញ​ហេតុការណ៍​លោក ចន ចំណាន បញ្ជាក់​ថា លោក​បាន​ជិះ​ម៉ូតូ​បញ្ច្រាស​ទិស​គ្នា​មក​ដល់​​​ចំណុច​កើត​ហេតុ​ឃើញ​មន្ត្រី​ទាំង​ពីរ​កំពុង​វាយ​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ជាមួយ​គ្នា។ លោក​ថា បាន​ឃើញ​ជាក់ស្ដែង​ការ​វាយ​ដំ​នេះ នឹង​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​ជា​សាក្សី​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ នេះ៖ «ម្នាក់ទៀត​អ្នក​ចាប់​ឲ្យ​វាយ​ម្នាក់​ដែល​ថា សមត្ថកិច្ច​ជាន់​ក្បាល​នៅ​នឹង​ថ្នល់ ហើយ​វាយ​ក្បាល​ពីរ​ខ្នោះ​​ដៃ ខ្ញុំ​ឃើញ​ដូច​ជា​អយុត្តិធម៌​ពេក»។

​នាយការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង លោក ហ៊ុន ហ្វៃ បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ទេ ដោយសារ​លោក​កំពុង​ជាប់​​បំពេញ​ភារកិច្ច​នៅ​តំបន់​ព្រំដែន។

​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ដើម​បណ្ដឹង លោក ញ៉ែម សក្ខណា ទាមទារ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌​ និង​សុំ​ឲ្យ​មានការ​ផ្ដន្ទាទោស​តាម​ច្បាប់ និង​ផ្ដល់​សំណង​ពាក់ព័ន្ធ​មន្ត្រី​បង្ក​របួស​ស្នាម​នេះ៕

No comments: